មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរ សញ្ជាតិអាមេរិកាំងម្នាក់ បានរត់ ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារ ទ្បងលីវ ស្ថិតនៅផ្លូវលេខ ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ បន្ទាប់ពីហូបអាហារ ពេលព្រឹករួច។
អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមក ដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យ បានយក សំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារ ឡងលីវ។ នៅព្រឹកមិញនេះ គាត់បានហូប អាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀត ឱកាសរត់គេច ក្រោយហូប អាហាររួចតែម្តង។
រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ។សូមបញ្ជាក់ថាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១០នាក់ និងអ្នកជាសះ ស្បេីយចំនួន ០១នាក់។
មកដល់ពេលនេះកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន ៤៣៦នាក់អ្នកជាសះស្បើយ ចំនួន ៣៨២នាក់ និងអ្នកកំពុង សម្រាកព្យាបាលក្នុង មន្ទីរពេទ្យសរុបចំនួន ៥៤នាក់៕