លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ត្រូវបានមន្ត្រីក្រោមឱវាទ លើកឡើងថា គាត់ នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១នេះ
ប៉ុន្តែចំពោះដំណឹង ពិតប្រាកដ ថា គាត់នឹងត្រូវបានថ្នាក់ លើកំណត់ឲ្យចូល និវត្តន៍តាមអាយុកាលនោះ មិនទាន់ ដឹងនៅឡើយទេ។ ខណ:គាត់កំពុងព្យាយាម រត់ការ ក្រាញននាល ចង់បានដំណែង ខ្លាញ់ដដែល។
សូមបញ្ជាក់ផងដែរថា បើតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មន្ត្រីមានមុខងារ តួនាទីឋានៈត្រឹមអគ្គនាយកដ្ឋានចុះ គឺច្បាប់តម្រូវឲ្យដាក់ មន្ត្រីទាំងនោះ ត្រូវចូលនិវត្តន៍ក្នុងអាយុ ៦០ឆ្នាំ ។
ដោយឡែក លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋករកម្ពុជា មានថ្ងៃខែឆ្នាំកំណើត កើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៦១ មានន័យថា លោកត្រូវចូលនិវត្តន៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។
ប៉ុន្តែខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់លើ មិនទាន់បង្ហាញអំពីដំណឹង ឬឯកសារណាមួយថា លោក គុណញឹម នឹងត្រូវចូលនិវត្តន៍តាមអាយុកំណត់នោះ នៅឡើយទេ។
មន្ត្រីគយបាន លើកឡើងថា, លោក គុណ ញឹម ឡើងកាន់តំណែង ជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជាត្រឹមតែរយៈពេល ៦ឆ្នាំប៉ុណ្ណោះ គាត់មានទ្រព្យសម្បត្តិដ៏ច្រើន ដែលទទួលបានការកោតស្ញប់ស្ញែង សមត្ថភាព របស់គាត់ ពីប្រជាពលរដ្ឋ អ្នករស់នៅ ជិតខាងភូមិផងរបង ជាមួយ មិត្តភក្កិ និងបន្ត្រីរាជការ ក្រោមឱវាទ ខណៈគាត់ក្លាយ ជាអ្នកមានដ៏ស្តុកស្តម្គស្ទើរតែមិនគួរឲ្យជឿ ពីប្រភពចំណូលរបស់គាត់ បានមកដោយវិធីណានោះ។
មន្ត្រីគយបានឱ្យតម្លៃគាត់ថា, អតីតកាលគាត់មា នត្រឹមតែឡានប៉ាសេរ៉ូ មួយគ្រឿងប៉ុណ្ណោះ និងផ្ទះនៅតំបន់ទួលទំពូងត្រឹមដីប្លង់ សង់លំនៅដ្ឋាន ប៉ុន្តែបច្ចុប្បន្នគាត់បានទិញដីចំនួន ២ឡូតិ៍បន្ថែមទៀត សង់ជាខុនដូយ៉ាងធំ សម្រាប់ជាជម្រក នឹងធ្វើអាជីវកម្មជួល។ ក្រៅពីនោះលោកក៏មានសមត្ថភាពផងដែរ ក្នុងការរកថវិកាទិញផ្ទះវីឡាចំនួន ២បន្ថែមទៀតនៅក្នុងបុរីអរគីដេ នាពេលថ្មីៗកន្លងទៅនេះ។
មន្ត្រីគយខ្លះបានបង្ហើបថា លោកអគ្គនាយក គុណ ញឹម បានចំណាយប្រាក់ យ៉ាងច្រើនក្នុងការចូលសញ្ជាតិអូស្ត្រាលី ។ បច្ចុប្បន្នភរិយារបស់គាត់និងកូនៗ ក៏ទៅរស់ នៅប្រទេសអូស្រ្តាលីនោះពិតប្រាកដមែនផងដែរ។
តាមរយៈការកាន់តំណែង ៦ឆ្នាំ លោកមានទ្រព្យសម្បត្តិមហាសាល ទើបគេលើកជាទិសស្លោកថា”យើងអាចប្រណាំង ឡាន ម៉ូតូ កង់ សុីក្លូ ការណូត ទូក កប៉ាល់ បាន ប៉ុន្តែយើងមិនអាចប្រណាំងនឹងវាសនាខ្លួនឯងបានទេ”។
ករណីជាក់ស្ដែង គឺប្រតិភូរាជរដ្ឋាភិបាល លោក គុណ ញឹម មានវាសនា ជាអ្នកទទួលបានចំណូលយ៉ាងខ្ពស់ក្នុងនាមជាមន្ត្រីរាជការមួយរូប ដែលមានប្រាក់បៀវត្សប្រហាក់ប្រហែលទៅនិងមន្ត្រីដទៃទៀតដែលនោះ។
ពាក់ព័ន្ធទៅនឹងករណី ដែលលោក គុណ ញឹម ត្រូវចូលនិវត្តន៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ប៉ុន្តែបច្ចុប្បន្នមកទល់នឹងថ្ងៃទី២៦ ខែមករានេះ ទៅហើយ មិនទាន់មានមន្ត្រីគយណាម្នាក់ទទួលដំណឹងថាគាត់នឹងត្រូវចូលនិវត្តន៍ពិតប្រាកដនៅថ្ងៃណា ហើយមានអ្នក ណាមកជំនួសតំណែងគាត់ ចាត់ទុកជាមូលដ្ឋានពិតប្រាកដនៅឡើយទេ។
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អង្គភាព “នគរដ្រេហ្គន” មិនអាចទាក់ទងសុំការបំភ្លឺពីលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជាបាននៅឡើយទេ ខណៈទូរស័ព្ទចូល លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមអធ្យាស្រ័យ និងសុំទោសផង មិនអាចនិយាយបានទេ ដោយសារខ្ញុំមានធុរៈជាប់ប្រជុំ រួចក៏បិទទូរស័ព្ទតែម្ដង”។
គេមានជំនឿថា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំបែបបទទៅតាមច្បាប់សហលក្ខន្តិកៈនៃមន្ត្រីរាជការសុីវិល ឱ្យលោក គុណ ញឹមចូលនិវត្តន៍តាមកំណត់ ខណៈប្រទេសគ្រប់គ្រងដោយច្បាប់ និងកំពុងត្រូវបានកំណែទម្រង់ស៊ីជម្រៅនោះ៕



