នៅក្នុងសន្និសីទព័ត៌មាន ស្តីពីបញ្ហាសេដ្ឋកិច្ច របស់កម្ពុជា នៅព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២១នេះ មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានថ្លែង ឱ្យដឹងថា កម្ពុជា នឹងទទួលបាន វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជា ពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូស ជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។
លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់ កាលដំបូងនេះ តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយ របស់ចិន ដែលដឹកមក ដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។
ដោយឡែក ៩លានដូសទៀត បើតាមលោក វង្សី វិស្សុត អាចទទួលបា នតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ ថវិកាយកទៅទិញ, សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានស្នើជំនួយវ៉ាក់សាំង ពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារ។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា ៣០ម៉ឺនដូស ក្នុងចំ ណោម ១លានដូស នឹងត្រូវមកដល់ប្រទេសកម្ពុជា នៅក្នុងខែកុម្ភៈ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស ទៅទទួលវ៉ាក់សាំងនេះ ដល់ព្រលាន យន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំង នេះមុនគេផងដែរ៕



