ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លង ជំងឺកូវីដ១៩ ក្នុងសហគមន៍ ចំនួនពីរករណី នៅខេត្តភាគខាងជើង Hai Duong និង Quang Ninh នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសនេះ មិនមានការឆ្លងក្នុង សហគមន៍សោះរយៈពេល ៥៥ថ្ងៃ។
អ្នកជំងឺទី១៥៥២ គឺជាស្ត្រីអាយុ ៣៤ឆ្នាំដែលធ្វើការ ឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd. ក្នុងខេត្ត Hai Duong។
នាងរស់នៅឃុំ Hung Dao នៃទីប្រជុំជន Chi Linh និងមានទំនាក់ទំនង ជិតស្និទ្ធជាមួយកម្មការិនីម្នាក់ទៀត ក្នុងទីប្រជុំជននេះ ដែលត្រូវបាន បញ្ជាក់ថា វិជ្ជមានកូវីដនៅពេលត្រឡប់មក ពីប្រទេសជប៉ុន វិញកាលពីសប្តាហ៍មុន។
អាជ្ញាធរសុខាភិបាលខេត្ត Hai Duong កំពុងបើកការស៊ើប អង្កេតដើម្បីតាមរកមនុស្សទាំងអស់ដែលមាន ទំនាក់ទំនង ជាមួយនាង។
ចំណែកអ្នកជំងឺទី១៥៥៣ គឺជាបុគ្គលិកអាយុ ៣១ឆ្នាំនៅអាកាស យានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្ត Quang Ninh និងរស់នៅក្នុង តំបន់ Hong Ha របស់ខេត្តនេះ។
ដោយធ្វើការនៅ អាកាសយានដ្ឋាន គាត់មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ មនុស្សជាច្រើនដែលបាន វិលត្រឡប់មកពីបរទេស។
បច្ចុប្បន្ន អ្នកជំងឺទាំងពីរ ត្រូវបានព្យាបាល នៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុង ហាណូយ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី ២៨ខែមករានេះ ប្រទេសវៀតណាម មានករណីកូវីដ សរុប១,៥៥៣ករណី ស្លា.ប់ ៣៥នាក់និងជា សះស្បើយ ១,៤៣០នាក់៕