អាចចាត់ទុកជា ប្រវត្តិសាស្ត្រនៅលើវិស័យ កញ្ញាឯកនៅកម្ពុជា និងស្ទើតែ មិនគួរឲ្យជឿសោះថា តំណែងកញ្ញាឯក និងកញ្ញាឯករង Miss Grand Cambodia 2020 ត្រូវបានផលិតកម្មគ្រប់គ្រង ធ្វើការដកតំណែង ពួកគេ ជាបន្តបន្ទាប់មុនក្រោយគ្នាត្រឹមតែមួយថ្ងៃ។
ការដកតំណែងនេះត្រូវបាន ធ្វើឡើងបន្ទាប់ពី កិច្ចចរចា រវាងក្រុមហ៊ុនផលិតកម្មមហាហង្ស និងកញ្ញាឯក សេង រដ្ឋា និងកញ្ញាឯករង ទី១កញ្ញា លឹម សុធាវី នៅតែបន្តខ្វែងគំនិតគ្នា លើការចេញ ទៅប្រកួត នៅក្រៅប្រទេស។
ករណីនេះបាន បង្កើតឲ្យមានការភ្ញាក់ផ្អើល ខ្លាំងលើអ្នកតាមដាន វិស័យកញ្ញាឯក ។ យោងទៅតាមគណនីហ្វេសប៊ុកផ្លូវកា ររបស់កម្មវីធី Miss Grand Cambodia បានបញ្ជាក់កាលពីរាត្រីថ្ងៃទី២៩ខែមករាថា
ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សា ជាមួយនិងភាគីខាង កញ្ញាលឹម សុធាវីរួចមក គឺកញ្ញាបានបដិសេដ មិនព្រម ទទួលតំណែងបន្តជា កញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិគឺ Miss Grand International 2020
ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមីនា ឆ្នាំ២០២១ខាងមុខ នោះទេ ដូចនេះ “ក្រុមហ៊ុនបានសម្រេច បញ្ចប់ កុងត្រាជាមួយ កញ្ញាលឹម សុធាវី និងកំណត់ សម្រេចដកហូត តំណែងលំដាប់រង ទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នក គាំទ្រទាំងអស់ មេត្តាពិនិត្យ មើលកិច្ចព្រមព្រៀង ចុងក្រោយ និងកុងត្រាដែលភាគីខាង ក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។
នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យានេះ ដែរក៏បានបញ្ជាក់អំពីការយល់ព្រមមិនទទួលយក ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ ពីក្រុមហ៊ុន ការប្រគល់មកុដ ឈៀង និងពានលាភីជូនទៅផលិតកម្មវិញផងដែរ រួមទាំងការបញ្ចប់ការ បង្ហោះសារលើបណ្តាញសង្គមដែលនាំឲ្យប៉ះពាល់ កិត្តិយស សេចក្តីថ្លៃថ្នូរគ្នាទៅវិញ ទៅមកផងដែរ។
លេចចេញមតិចម្រូងចម្រាសជាច្រើនជុំវិញដំណឹងខាងលើនេះ ទោះជាយ៉ាងណាគេក៏នៅតែបន្តរង់ចាំមើលផងដែរថា តើវាសនារបស់កញ្ញាឯករង លំដាប់ទី២កញ្ញា លីវ ជីលី នឹងត្រូវបានដកតំណែងដែរឬយ៉ាងណា ខណៈដែលការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិជាផ្លុវការនឹងចាប់ផ្តើមធ្វើនៅប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១នេះផងដែរ៕










