សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ទាំងអស់ ត្រូវចុះ ពិនិត្យជា បន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់
ព្រោះមានប្រជាពលរដ្ឋបាន រាយការណ៍ តាមគេហទំព័រហ្វេស ប៊ុកផេកផ្លូវការ របស់សម្ដេច ថាមានស្មៀន ឃុំ-សង្កាត់ មួយចំនួនមាន ឫកពាមិនសមរម្យ ខណៈពេល ដែលប្រជាពលរដ្ឋ មកទទួលយក សេវាសាធារណៈ នៅក្នុងមូលដ្ឋាន របស់ពួកគាត់។ នេះបើយោងតាមក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេច ក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លង មកមានប្រជាពលរដ្ឋ មួយចំនួនទៅ សាលាឃុំ-សង្កាត់ ឲ្យដោះស្រាយ បញ្ហាអ្វីមួយ ប៉ុន្ដែមាន ស្មៀនឃុំ-សង្កាត់ មួយចំនួន មានអាកប្បកិរិយា មិនល្អចំពោះ ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម មានប្រសាសន៍ «សូមផ្ដាំឲ្យមើលស្មៀន ផ្តាំពីទីកន្លែង នេះទៅ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ព្រោះស្មៀនខ្លះគាត់ឬកធំ សម្បើមណាស់។ យន្ដការនៅឃុំ-សង្កាត់ ហ្នឹង គឺមាន សិទ្ធិរឹងមាំដោយសារបោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ។
ចឹងមានក្រុមប្រឹក្សា មានមេឃុំ មានជំទប់ ក្រៅពីហ្នឹងមាន គណៈកម្មាធិការ មន្ដ្រីផ្សេងៗទៀត ហើយស្មៀនមិនមែន ជាមន្ដ្រីនយោបាយទេ។ មន្ដ្រីនយោបាយ គឺក្រុមប្រឹក្សា បោះឆ្នោតដោយ ប្រជាជនផ្ទាល់»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានកោតសរសើ ចំពោះស្មៀនឃុំ-សង្កាត់ មួយចំនួនដែលបានខិតខំធ្វើការងារ និងដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋផងដែរ។ បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានពន្យល់ថា ស្មៀនឃុំ-សង្កាត់ គឺជាមន្ដ្រីមុខងារសាធារណៈ ហើយ ក្រសួងមហាផ្ទៃ ក៏មានសិទ្ធិដក ឬដាក់មន្ដ្រីស្មៀន។ ប៉ុន្ដែនៅផ្នែកខ្លះ ក្រុមប្រឹក្សា ក៏ជាអ្នកតែងតាំងស្មៀន ហើយស្មៀន ត្រូវធ្វើការងារផ្ទាល់ជាមួយក្រុមប្រឹក្សាផងដែរ៕