មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានប្រកាសលេខទូរស័ព្ទចំនួន ២ខ្សែសម្រាប់ទំនាក់ទំនងនៅពេល ដែលមាតាបិតាសិស្សច ង់រាយការណ៍នូវភាព មិនប្រក្រតី នៅក្នុងសាលាណា មួយនៅក្នុងរាជធានីភ្នំពេញ។
លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា «នៅពេលដែលមាតា បិតាសិស្សមាន បំណងចង់រាយការណ៍ ពីសកម្មភាពអសកម្ម នៅក្នុងសាលាណា មួយក្នុងរាជធានីភ្នំពេញ
អាចទាក់ទងទៅកាន់ លោកអ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ទទួលបន្ទុកបឋមសិក្សាដែលមាន លេខទូរស័ព្ទ ០៩២៩៩៥៣៤៤ និងលោកលោកហេង សារិន អនុប្រធាន មន្ទីរ ទទួលបន្ទុកមធ្យមសិក្សា ដែលមានលេខទូរស័ព្ទ ០១២៥៧៤៩១២»។
លោកបានបន្តថាការប្រកាសលេខទូរស័ព្ទ ទាំងពីរខ្សែនេះ គឺដើម្បីឲ្យ អាណព្យាបាលមាតាបិតាសិស្សឬសិស្សមានភាព ងាយ ស្រួលក្នុងការទំនាក់ទំនង នៅពេលមានបញ្ហាអ្វីមួយ ដែលកើតឡើងក្នុងសាលា មិនដឹងទាក់ទងទៅខាងណា។
លោកបានបន្ថែមថា «ប៉ុន្តែឥឡូវនេះមានលេខទំនាក់ទំនង ហើយលោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទនេះ បានហើយដោយមិនចាំបាច់ បង្ហោះនៅ លើបណ្តាញសង្គមទៀតទេមានរឿង ឬបញ្ហាអ្វីទាក់ទិននឹង ភាពអសកម្មរបស់សាលា អាចរាយការណ៍ទៅពួកគាត់បាន»។
ការប្រកាសលេខទូរស័ព្ទនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានអាណព្យាបាល មួយចំនួនដែលមានកូនរៀននៅសាលា បឋមសិក្សាសន្ធរម៉ុក បាននាំគ្នាបង្ហោះសាររិះគន់ពីករណីគ្រូបង្រៀនម្នាក់ទារលុយពីសិស្ស រហូតដល់មន្ទីរបាន ដាក់ពិន័យគ្រូបង្រៀននោះ ដោយផ្លាស់ចេញពីសាលាបឋមសិក្សា សន្ធរម៉ុកទៅ បង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ។
ចំណែកក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឲ្យអាណាព្យាបាល និងមាតាបិតាសិស្សអាចរាយការណ៍ផ្ទាល់ទៅគណៈគ្រប់គ្រងសាលារៀន ដើម្បីដោះស្រាយ បញ្ហាផ្សេងៗពេលមានភាពមិនប្រក្រតីកើត ឡើងនៅក្នុងសាលា។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ជាទូទៅមាតាបិតាសិស្សអាចរាយ ការណ៍ផ្ទាល់ជួនដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ដើម្បីដោះស្រាយករណីមិនប្រក្រតីនៅក្នុងសាលានីមួយៗ។
ក្រៅពីនេះមន្ទីរអប់រំយុវជននិងកីឡានៅតាម ២៥ខេត្តរាជធានីជាសេនាធិការ របស់ក្រសួងអប់រំយុវជន និងកីឡាដើម្បីអន្តរាគមន៍ ដោះស្រាយករណី មិនប្រក្រតីនានា ដែលអាចកើតឡើងជាយថា ហេតុនៅតាមគ្រឹះស្ថានសិក្សា៕