ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាស បន្តការ អនុញ្ញាតឲ្យនាំ ចូលផល ផលិតផលជល ផល ជាពិសេសត្រីចំនួន ៤ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីប្រទេស វៀតណាមឡើងវិញ ដើម្បីឆ្លើយតប តាមតម្រូវការ ជាក់ស្តែងក្នុងស្រុក ក្រោយក្រសួងប្រកាស ផ្អាក នាំចូលប្រមាណ ជាមួយខែមុននេះ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញសេចក្តី ប្រកាសព័ត៌មាន ដែលជាការ ជូនដំណឹងអំពីការ ព្រមព្រៀងគ្នា ដោយស្ម័គ្រ ចិត្តរវាងសមាគមវារីវប្បករ នៅកម្ពុជា និង អាជីវករនាំចេញ នាំចូលផល ផលិតផល ជលផល ក្នុងការផ្អាកជាបណ្តោះ អាសន្ននូវការនាំចូលត្រីចំនួន ៤ប្រ ភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ ពីក្រៅប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា “ក្រសួងនៅតែបន្តការ អនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេស ត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុ លោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ទន្ទឹងនឹងនេះ បន្ទាប់ពីប្រកាសបើក ការនាំចូលវិញ ក្រសួងបញ្ជាក់ថា នឹង បន្តពិគ្រោះយោបល់ជាមួយ សមាគមវារីវប្បករ នៅកម្ពុជា អាជីវករនាំចេញ នាំ ចូលផល ផលិតផលជលផល និងអាជ្ញាធរមាន សមត្ថ កិច្ចពាក់ព័ន្ធ ដែលជាដៃគូ ពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់ លិខិតបទដ្ឋានបច្ចេកទេស។
បើតាមលិខិតក្រសួងដដែល តាមរយៈយន្តការគណៈកម្មការ ជំរុញវារីវប្បកម្មកម្ពុជា ក្រសួងសហការ ជាមួយក្រសួង ពាក់ព័ន្ធនឹង បន្តដោះស្រាយបញ្ហា ប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និង ពង្រឹង សមត្ថភាពប្រកួតប្រជែង របស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជ កម្មសេរី ព្រមទាំងធានាដល់ ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញ កំណើនពាណិជ្ជកម្ម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានផ្ញើលិខិត មកកាន់ លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ដើម្បីស្នើឲ្យពិភាក្សា ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រោយ លោក វេង សាខុន កាលពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ បានចេញ សេចក្តី ប្រកាសហាមឃាត់ ការនាំចូលត្រីចំនួន៤ ប្រភេទ គឺត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីបរទេស (ក្នុងនោះមាន វៀតណាម) ដើម្បីការពារ ទីផ្សារក្នុងស្រុក។
បន្ទាប់ពីឃើញសំណើរ បែបនេះ កាលពីថ្ងៃ ៥កុម្ភៈ លោក ប៉ាន់ សូរស័ក្តក៏តប ទៅលោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្មវៀតណាម។ ក្នុងខ្លឹមសារ លិខិតរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរ ជាភាសាអង់ គ្លេសដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃ៦ កុម្ភៈ គឺមានន័យថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជូន លិខិតយោងខាងលើ ទៅក្រសួង កសិកម្មសម្រាប់ ការពិចារណារួចហើយ៕