នៅពេលដែលអ្នក បើកបររថយន្តចូល ទស្សនាខេត្តកែប អ្នកនឹង ត្រូវបង់ថវិការចាប់ពី៣ដល់ ៦ពាន់រៀលថ្លៃបរិស្ថាន និងអនាម័យទៅ តាមប្រភេទ រថយន្តរបស់អ្នក។ ប្រការនេះ បានធ្វើឱ្យអ្នកទេសចរណ៍ មួយចំនួនមានការងឿង ឆ្ងល់ និងមិន សប្បាយចិត្តចំពោះការ បង់ប្រាក់នេះ។
លោក ប៊ុន លី គឺជាប្រធានក្រុមហ៊ុន ភាស៊ីចំណត រថយន្តទេសចរណ៍ និងអនាម័យខេត្តកែប ដែលបាន ដេញថ្លៃគ្រប់គ្រង លើផ្នែកអនាម័យពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេល ១៦ឆ្នាំ។ នេះគឺជាឆ្នាំទី៣ហើយ ដែលលោកបាន គ្រប់គ្រងលើផ្នែក អនាម័យខេត្តកែប។
ពាក់ព័ន្ធនឹងរឿង យកថ្លៃអនាម័យចូលទស្សនា ខេត្តកែប លោក ប៊ុន លី បាន ពន្យល់ថា៖ «កន្លងមក ធ្លាប់មានអ្នកទេសចរណ៍ មួយចំនួនតវ៉ា និងមិនពេញ ចិត្តចំពោះការបង់ថ្លៃអនាម័យនេះ ប៉ុន្តែតាមកាពិត នេះគឺជាការ តម្រូវរបស់ក្រសួង ហិរញ្ញវត្ថុ ដើម្បីយក ថវិការនេះមកពង្រឹង និងលំអរ បរិស្ថានអនាម័យ នៅក្នុងខេត្តកែប។»
លោកបានបន្តថា នៅពេលមានបុណ្យទានធំៗម្ដងៗ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំចិន អុំទូក និងភ្ជុំបិណ្ឌជាដើម មានរថយន្តចូលមកខេត្តកែបរហូតដល់ទៅ ៥,០០០គ្រឿង។
នៅថ្ងៃធម្មតាដូចជា ថ្ងៃច័ន្ទ ឫអង្គារ មានរថយន្តប្រមាណជា៥០ ទៅ៦០គ្រឿងប៉ុណ្ណោះ ចំណែកនៅថ្ងៃសៅរ៍ និងអាទិត្យ មានរថយន្តប្រមាណ៤០០ទៅ៥០០គ្រឿង។ ដូច្នេះវាជាការចាំបាច់ដើម្បីធានា ការសំអាតបរិស្ថាន និងអនាម័យ ឱ្យបានស្អាតល្អ នៅពេល ដែលភ្ញៀវទេសចរណ៍បានមក លេងខេត្តកែប និងក្រោយពីពួកគេត្រឡប់ទៅវិញ។
រថយន្តនីមួយៗត្រូវបង់ ថ្លៃអនាម័យចាប់ពី ៣ពាន់រៀល ដល់ ៦ពាន់រៀលទៅ តាមប្រភេទរថយន្ត ហើយថវិការ ដែលទទួលបាននេះ នឹងត្រូវចំណាយ ទៅលើ ការសំអាតផ្លូវតាមទីសាធារណ នៅជុំវិញខេត្ត និងតាមឆ្នេរ កែប កម្មករដឹកសំរាម ការធ្វើផ្លូវ នៅទីលានចាក់ សំរាម និងទិញធុង សំរាមជាដើម។
កាលពីឆ្នាំ២០២០កន្លងទៅ លោក ប៊ុន លី បានរៀបរាប់ថា មិនសូវមាន ភ្ញៀវទេសចរណ៍ច្រើនទេ ដែលបានមកទស្សនា ខេត្តកែប បើធៀបនឹងឆ្នាំ២០១៩ ដោយសារតែជំងឺកូវីដ១៩។
ទោះជាយ៉ាងណា លោករំពឹងថា នៅឆ្នាំ២០២១នេះអាចនឹង មានភ្ញៀវទេសចរណ៍មកទស្សនាខេត្តកែបច្រើន ជាងឆ្នាំ២០២០ ប៉ុន្តែមិនច្រើនដូចកាលពីអំឡុងឆ្នាំ ២០១៩នោះទេ ដោយសារតែ បញ្ហាប្រាក់ចំណូល និងការបន្ត ភ័យខ្លាចជំងឺ កូវីដ១៩ ដែលមិនទាន់បាត់ពីពិភពលោកនៅឡើយ។
កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តកែបទទួលបានភ្ញៀវ ទេសចរណ៍សរុប ចំនួន ១.៣៩៦.១២៥នាក់ មានការថយចុះ បើធៀប នឹងឆ្នាំ២០១៩។