យើងគ្រប់គ្នាបាន ដឹងហើយថា ត្រីបានដើរតួនាទី យ៉ាងសំខាន់បំផុត នៅក្នុងការ ផលិតទឹកត្រី ដែលជាអាហារ ដ៏ពេញនិយមបំផុតរបស់ ប្រទេសវៀតណាម។ ផ្ទុយទៅវិញ ផលិតផលទឹក ត្រីភាគច្រើននៅ ក្នុងប្រទេសវៀតណាមមិនមែន សុទ្ធតែយកត្រីពិតប្រាកដមក ធ្វើជាគ្រឿងផ្សំ ទាំងអស់នោះទេ។
យោងតាមប្រភពពត៌មាន វៀតណាម tuoitrenews បានឲ្យដឹងថា ទឹកត្រីដែល ផលិតដោយក្រុមហ៊ុន ម្ហូបអាហារល្បីៗគឺគេបាន ប្រើប្រាស់គ្រឿងផ្សំ ជាច្រើនដូចជា ធាតុផ្សំរសជាតិត្រីពណ៌ ជាតិផ្អែម និង សារធាតុធ្វើឲ្យទុកបានយូរ។
ពួកគេបានផ្សព្វផ្សាយផលិតផលតាម រយៈយុទ្ធនាការផ្សេងៗដើម្បីផ្សព្វផ្សាយ ពីគុណភាព និងអត្ថប្រយោជន៍ ផ្សេងៗនៃផលិតផលរបស់ពួកគេ។ ពួកគេបាន គិតថា ផលិតផលរបស់ពួកគេ បានបំពេញតាមតម្រូវ
ការសុវត្ថិភាពចំណីអាហារ ដែលអាចដាក់លក់នៅលើទីផ្សារបានប៉ុន្តែការពិត វាមិន អាចហៅថា ទឹកត្រីបាន ឡើយដោយសារ តែវិធីសាស្ត្រក្នុងការផលិត របស់ពួកគេមិនត្រឹមត្រូវ តាមស្តង់ដារ ពិតប្រាកដ។
បើតាមស្តង់ដារវៀតណាម ឆ្នាំ២០១២ ដែលបានកំណត់ស្តង់ដារ ចំណីអាហារបានទទួលស្គាល់ ថា ទឹកត្រីត្រូវតែជាវត្ថុរាវដែល បានចម្រាញ់ចេញពីត្រីដោយ ប្រើប្រាស់ អំបិលសមុទ្រ និងផ្អាប់ ទុកក្នុងធុងឈើ យ៉ាងហោចណាស់១០ខែ។
អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ការផលិតទឹកត្រី បែបប្រពៃណីធ្វើឲ្យ អ្នកទទួលទានមានសុខភាពល្អ ជាងការផលិតរបស់ឧស្សាហកម្មដោយសារតែវាផ្ទុក ទៅដោយកម្រិតអាហ្សូត (Nitrogen)ខ្ពស់។
ជាទូទៅ ទឹកត្រីតាមបែបប្រពៃណីត្រូវបានផលិតចេញពីត្រីទឹកប្រៃមួយ ប្រភេទមានឈ្មោះថា «Anchovy» ខុសពីផលិតផលទឹកត្រីផ្សេងៗ ដែលមានរសជាតិ និងផលិតចេញពី ត្រីខុសៗគ្នាដូចជា ត្រីសាម៉ុង និង ត្រីស្បៃកាជាដើម។
តាមការស្ទង់មតិថ្មីមួយបានឲ្យដឹងថា វៀតណាមប្រើប្រាស់ទឹកត្រី អស់ប្រមាណជាជាង ២០០លាន លីត្រ ក្នុងមួយឆ្នាំៗដោយ ៧៥% គឺជាទឹកត្រីបែបទំនើប ដែលមានតម្លៃដល់ទៅ ៤០ ០០០ដុង (១.៧៩ដុល្លារ) ខណៈ ទឹកត្រីដែលផលិតតាម បែបប្រពៃណីអាចមានតម្លៃខ្ពស់រហូតដល់ទៅ ៧០ ០០០ដុង (៣.១៣ដុល្លារ) ក្នុងមួយដប។
យ៉ាងណាមិញ លោកស្រី Nguyen Thi Tinh ប្រធានសមាគម «Ho Chi Minh City Fish Sauce Association» បាននិយាយថា ផលិតផលដែល មិនបានបំពេញតាមស្ដង់ដារទឹកត្រីបែបប្រពៃណី មិនគួរ ណាដាក់ស្លាក ថាជាទឹកត្រីឡើយ៕