កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង អញ្ជើញចុះពិនិត្យគុណភា ពនៃការសាងសង់ផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ ២២ ដោយ មានការចូលរួម ក្រុមការងារ បច្ចេកទេសក្រសួង តំណាងក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការដ្ឋានសាងសង់ផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ២២ មកដល់ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្រេចបានជាង ២៧% ហើយ។ ការដ្ឋានសាងសង់ផ្លូវនេះ បានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៩ ហើយគ្រោង នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ដោយត្រូវប្រើប្រាស់រយៈពេល សាងសង់ ៣០ខែ។
ការចុះពិនិត្យផ្លូវនេះ ធ្វើឡើងក្នុងគោល បំណងពិនិត្យមើល គុណភាព និងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរ ឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែង រកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែម ដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
ថ្លែងទៅកាន់តំណាង ក្រុមហ៊ុនសាងសង់ ក៏ដូចជាតំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ក្នុងអំឡុងពេលនៃការចុះ ពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រសួង អាចចរចា រយៈពេលនៃការសាងសង់បាន ប៉ុន្តែក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមបទដ្ឋាន បច្ចេកទេសឲ្យបានជាដាច់ខាត ដើម្បីធានាគុណភាព រឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិ និងចំណេញពេលវេលាផងដែរ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវនេះ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះ កំណាត់ផ្លូវជាតិ លេខ២ ចាប់ពីរង្វង់មូល តាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិ លេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មាន ប្រវែង ៩,៦១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
ការសាងសង់ផ្លូវនេះ ត្រូវពង្រីកទទឹងតួផ្លូវចាប់ពី ១៣ម៉ែត្រ រហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ដោយចែកចេញជា ៣ផ្នែក។ ក្នុងនោះ មានកន្លែងខ្លះ ២គន្លង និងកន្លែងខ្លះ មានបួន គន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២នេះ គ្រោង ចំណាយថវិកា ៥៦,១លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ សាងសង់ដោយ ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល ៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕