វាជារឿងអស់សំណើចណាស់ ដែលមានការស្នើសុំរបស់ពលរដ្ឋទៅកាន់ប្រមុខដឹកនាំរដ្ឋាភិបាលសម្តេចហ៊ុន សែន ឲ្យមានការបិទរោងការ មិនមែនដោយសារខ្លាចអំណាចកូវីដទេ តែបែរជាដោយសារ គេហៅការច្រើនពេកគ្មានលុយចងដៃ។
យោងទៅតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ញ៉ាញ់ថេន វន្នី បានសរសេរលើទំពរហ្វេសប៊ុករបស់សម្តេចហ៊ុន សែន ពេលដែលកំពុងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍20កុម្ភះ ថា សូមឲ្យសម្តេចបិទរោងការផង ខែនិងច្រើនណាស់។
បើទោះបីជាផ្ទុះករណីកូវីដ១៩ តាមសហគមន៍ជាលើកទី៣ នៅក្នុងរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនប្រកាសបិទសាលារៀន និងហាមឃាត់ការរៀបចំពិធីនានាទេ។
តែសម្តេច បានប្រកាសឲ្យអនុវត្តតាមវិធានសុខាភិបាល ដើម្បីការពារកូវីដ ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងលាងដៃជាញឹកញាប់ ជាដើម ហើយបើមិនចាំបាច់ សូមបងប្អូនប្រជាពលរដ្ឋ អ្នករស់នៅភ្នំពេញ កុំចេញពីផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានថា បើសិនជា មិនមានការអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ពិសេសពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពឲ្យឃ្លាតពីគ្នា ១ម៉ែត្រកន្លះ ទេនោះ គឺចុងក្រោយ រាជរដ្ឋាភិបាល គ្មានជម្រើសអ្វីពីអនុវត្តវិធានការបិទសាជាថ្មីនូវសាលារៀន និងពិធីរៀបការ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្លិប N8 គឺដូចហាង Zendo កាលមុន គឺជាកន្លែងបិទជិត ដែលជាភោជនីយដ្ឋាន ហើយមានកន្លែងរាំលេងផង។
សម្តេចតេជោ ប្រកាសថា ក្នុងសម័យនេះ សម្តេចមិនបានលុបចោលកម្មវិធី នៅក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារអាមេរិកមួយ នៅភ្នំពេញ គឺសម្តេចមិនលុបចោលទេ។ តែត្រូវអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សូមរម្លឹកថា ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ នៅសហគមន៍ ថ្ងៃទី២០កុម្ភៈ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី១៨ ដល់ព្រឹកថ្ងៃទី២០ ខែកុម្ភៈ រកឃើញអ្នកឆ្លងកូវីដ១៩ ដំបូង ចំនួន ៣២នាក់ហើយ។ ការដឹងពីការឆ្លងសហគមន៍នេះ ដោយសារតែអ្នកពាក់ព័ន្ធនឹងក្លិប N8 បានទៅធ្វើតេស្ត រកកូវីដ ដើម្បីចេញទៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបិទក្លិប N8 ផ្ទះ Apartment និងតំបន់រស់នៅមួយចំនួន ក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២០កុម្ភៈនេះ អាជ្ញាធរសមត្ថកិច្ច បានបិទតំបន់កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដែលមានចិនរស់នៅច្រើន៕