នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ-១៩ រហូតដល់ ៤០នាក់ ដោយក្នុង នោះមាន ២នាក់ជាករណី នាំចូល និង ៣៨នាក់ ផ្សេងទៀតជា ករណីពាក់ព័ន្ធព្រឹត្ដិការណ៍ សហគមន៍ ២០ កុម្ភៈ។
ជាមួយគ្នានេះដែរ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង ក្នុងសហគមន៍ទាំង ៣៨នាក់ មាន ១៥នាក់ទើបទទួលបាន លទ្ធផលវិជ្ជមានកូវីដ-១៩ ពីមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាវេលាម៉ោង ៣ទាបភ្លឺទៅហើយ។
ដូច្នេះក្រុមការងារ កំពុងតែធ្វើការចាត់ចែងទំនាក់ទំនង រកអ្នកជំងឺទាំងនោះ ដើម្បីឲ្យសម្រាកព្យាបាលនៅពីរ កន្លែងផ្សេងគ្នា ដោយ ៧នាក់យកទៅមជ្ឈមណ្ឌល ជាតិកំចាត់រោគរបេង និងហង់សិន រីឯ ៨នាក់ទៀតគ្រោង យកទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្ដកណ្ដាល។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះ ស្បើយ ចំនួន ៤៧៦នាក់ និងអ្នកជំងឺ ១៤២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕