សមត្ថកិច្ចបាន.ឃាត់ខ្លួន ប្រធានសមាគមស្ត្រី ដើម្បីសង្គម រួមទាំង សមាជិក ចំនួន ៥នាក់ សាកសួរពាក់ព័ន្ធកា រធ្វើសកម្មភាព ចុះប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋធ្វើញ្ញត្តិដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដើម្បីសុំអន្តរាគមន៍ បញ្ចុះតម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាក បង់ប្រាក់ធនាគារបីខែ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
ប្រធានសមាគមស្ត្រី ដើម្បីសង្គម និងសមាជិកចំនួន ៥នាក់ កំពុងតែស្ថិត នៅក្រោមការសាកសួរពីមន្ត្រីនគរបាល នៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបាន ឲ្យដឹងថា ការចុះប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋនេះ គឺ មិនមានការអនុញ្ញាតពី ក្រសួងមហាផ្ទៃ ឬសាលារាជធានី ភ្នំពេញនោះទេ។ ហើយប្រធាន សមាគមស្ត្រីដើម្បីសង្គម បានទទួលកំហុស ក្នុងការអនុញ្ញាត ឲ្យសមាជិក របស់ខ្លួនដើរ ប្រមូល ស្នាមមេដៃពីប្រជាពលរដ្ឋ។
បើតាមប្រភពបាន បញ្ជាក់ថា សមាជិក សមាគមស្ត្រីដើម្បីសង្គម ត្រូវបាន ឃាត់ខ្លួននៅពេលដែល ចុះប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋនៅជិត អង្គការ PSE (ជិតសឡា) ។
ការចុះប្រមូល ស្នាមមេដៃប្រជាពលរដ្ឋ គឺដើម្បីធ្វើញ្ញត្តិដាក់ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍បញ្ចុះ តម្លៃទឹកភ្លើង ថ្លៃផ្ទះជួល ប្រេងសាំង និងផ្អាកបង់ប្រាក់ធនាគារបីខែ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
ទាក់ទងការហែរក្បួន ដាក់ញ្ញត្តិនៅខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ ហែរក្បួននោះទេ តែអនុញ្ញាតតំណាង យកញ្ញត្តិទៅ ដាក់នៅខុទ្ទកាល័យ សម្តេចនាយក រដ្ឋមន្ត្រី។
លោកមាស ម៉េតភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានប្រាប់ថា ពាក់ព័ន្ធសំណើរបស់សមាគមស្ត្រីដើម្បីសង្គម ដែលបានដាក់ញ្ញត្តិកាល ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មករដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យ មានការហែរក្បួន ដាក់ញ្ញត្តិនោះទេ ប៉ុន្តែខាងសមាគមអាច ចាត់តំណាងម្នាក់យកញ្ញត្តិទៅ ដាក់ជូនខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ណាមួយតាមអ្វីដែល ជាកម្មវត្ថុនៃការ ដាក់ញ្ញត្តិនោះ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដំណាក់កាលនេះ ខាងសមាគមស្ត្រីដើម្បីសង្គមគួរតែជ្រាប ហើយនឹងចូលរួមជាមួយ គ្នាក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ការប្រមូលផ្តុំប្រជាពលរដ្ឋ ការប្រមូលផ្តុំមនុស្សឲ្យមកជួបជុំគ្នាច្រើន
ទោះបីជាក្នុងគោលបំណងណាក៏ដោយក៏វាមិនសមគួរជាមួយនិងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត ជាពិសេសនៅទីក្រុងភ្នំពេញរបស់យើងដែលមានករណីកូវីដ១៩ច្រើន។ ហើយមានជម្រើសនៃនីតិវិធីជាច្រើនដែលខាងសមាគមអាចធ្វើទៅបានចៀសជាងការប្រមូលផ្តុំមនុស្សដើម្បីធ្វើការដង្ហែញ្ញត្តិនេះ៕