អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល សិង្ហបុរី (HSA) បាននិយាយនៅថ្ងៃពុធ ទី ១៧ខែវិច្ឆិកាថា ឱសថចិន Lianhua Qingwen មិនត្រូវបាន អនុញ្ញាតសម្រាប់ ការព្យាបាល រោគសញ្ញាជំងឺកូវីដ១៩ទេ។
នៅក្នុងការប្រឹក្សា, HSA និយាយថា ខ្លួនដឹងពីការអះអាង ដែលផ្សព្វផ្សាយនៅ លើបណ្តាញសង្គម និងក្នុងគ្រុបឆាត Telegram ដែលថា ឱសថ Lianhua Qingwen អាចប្រើដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩បាន។
អាជ្ញាធរនិយាយថា “ផលិតផល Lianhua Qingwen មួយចំនួន ត្រូវបានចុះ បញ្ជីជាឱសថកម្មសិទ្ធិរបស់ចិន ក្នុងប្រទេសសិង្ហបុរី សម្រាប់ការធ្វើឲ្យធូរស្រាល នៃរោគសញ្ញាជំងឺផ្តាសាយ។ HSA បានយល់ព្រមលើ ឱសថប្រភេទនេះ ដោយផ្អែក លើការប្រើប្រាស់ឯកសារនៃគ្រឿង ផ្សំដែលមាន នៅក្នុងផលិតផល”។
ទោះបីជាយ៉ាងណាក៏ ដោយ រហូតមកដល់ពេលនេះ មិនមានភស្តុតាង វិទ្យាសាស្រ្តណាមួយពីការសាក ល្បងព្យាបាល បង្ហាញថា ឱសថបុរាណ ទាំងអស់ រួមទាំងផលិតផល Lianhua Qingwen ផងដែរ អាចត្រូវបានប្រើប្រាស់ដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩នោះទេ។
HSA និយាយថា ឱសថបុរាណទាំងអស់ សម្រាប់ជំងឺផ្តាសាយ គួរតែប្រើដើម្បីព្យាបាល រោគសញ្ញាដូចជា ឈឺក្បាល ហៀរសំបោរ ឬតឹងច្រមុះ ឈឺបំពង់ក និងក្អកប៉ុណ្ណោះ។
HSA បានបន្ថែមថា “យើងសូមណែនាំច្បាស់ៗ ដល់សាធារណជនទាំងអស់ កុំឲ្យលង់ខ្លួនទៅក្នុងការអះអាង ដែលមិនមានភស្តុតាង ឬផ្សព្វផ្សាយពាក្យចចាម អារ៉ាមគ្មានមូលដ្ឋានដែលថា ឱសថបុរាណអាច ត្រូវបានគេប្រើប្រាស់ ដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩ឲ្យសោះ”។
គួរបញ្ជាក់ថា មុនពេលផលិតផល ទាំងឡាយដែលអះអាងថា ព្យាបាលជំងឺកូវីដ១៩ អាចត្រូវបានផ្គត់ផ្គង់ក្នុង ប្រទេសសិង្ហបុរី ផលិតផលទាំងនោះ ត្រូវតែដាក់ ពាក្យទៅ HSA ជាមុនសិន សម្រាប់ការ វា យតម្លៃ និងការចុះឈ្មោះជាភស្តុតាង ផ្នែកវិទ្យាសាស្ត្រ៕