លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រសាសន៍ នៅរសៀល ថ្ងៃទី ២៧ ខែធ្នូនេះថា នៅពេលនេះ បេក្ខនារីប្រឡងបាក់ឌុបដែល មានវិជ្ជមានកូវីដ-១៩ កំពុងប្រឡងធម្មតា តាមវិញ្ញាសា ដែលប្រព្រឹត្តទៅដូចបេក្ខជនផ្សេងៗទៀតដែរ។ ថ្វីដ្បិតពួក គាត់ប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែពួកគាត់ធ្វើវិញ្ញាសាតាមម៉ោងនីមួយៗដូចវិញ្ញាសារបស់បេក្ខជនដទៃទៀតដែរ។
លោក ហែម ស៊ីណារ៉េត បញ្ជាក់បន្ថែមថា ស្ថានភាពសុខភាពពួក គាត់ពេលនេះ ធម្មតាមិនមានបញ្ហាអ្វីទេ ប៉ុន្តែដោយសារពេលតេស្តទៅ រកឃើញមានវិជ្ជមានកូវីដ១៩ ទើបពួកគាត់ ត្រូវព្យាបាល និងប្រឡងដាច់ ដោយឡែក ដើម្បីបង្ការ និងជៀសវាងការឆ្លងជាយថាហេតុ។ បេក្ខជនទាំង២ ប្រឡងនៅមជ្ឈមណ្ឌលជាតិ កំចាត់ រោគរបេង និងហង់សិន។
គួររំលឹកថា កាលពីថ្ងៃទី ២៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យកីឡាការិនីការ៉ាត់តេដូ ២រូប ដែលទើបមកពីប្រកួតនៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ-១៩ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។
បេក្ខជនទាំង២រូបខាងលើ ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបាន បញ្ចូនទៅប្រកួតនៅប្រទេស កាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពី ពេលថ្មីៗនេះ ដោយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។
គួរបញ្ជាក់ថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២១ នេះ ត្រូវរៀបចំឡើង រយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌល ប្រឡងសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ ក្នុងនោះស្រីចំនួន ៦០ ៣៩៧ នាក់ គណៈ មេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២ នាក់៕