លោកព្រាប សុវត្ថិ ជាតារារបស់Galaxy និងលោកខេមរៈ សិរីមន្ដ របស់ហង្សមាស ត្រូវបានគេផ្សារភ្ជាប់ គ្នារយៈពេលជិត១០ឆ្នាំ មកហើយថាគឺជាតារាដែលកំពុងតែឈានមុខ គេសម្រាប់អ្នកចម្រៀងនាយុគសម័យថ្មីនេះ។អ្វីដែលគូរឲ្យកត់សម្គាល់មិនត្រឹមតែមានទីផ្សារ ចម្រៀងខ្ពស់បំផុតដូចគ្នានោះទេ
ប៉ុន្ដែលោកសុវត្ថិ និងសិរីមន្ដ ក៍ត្រូវគេដឹងថាមានទ្រព្យស្ដុកស្ដម ក្នុងសិល្បៈផងដែរទើបលេចឭថាមិនយូនោះទេ ប្រាកដជាតារាទាំង២ដួងនឹងឡើងជាឧកញ៉ាដូចគ្នាជាមិនខានឡើយ។ការលើកឡើងបែបនេះព្រោះតែបច្ចុប្បន្នមានអតីតតារា២នាក់មកហើយដែលឡើងធ្វើជាឧកញ៉ាក្នុងនោះគឺលោកទុំ សារុត ហៅនាយឃ្លោក និងលោកលាន អាហ្វ្រីលគីនីន សុទ្ធតែទទួលបានគោរម្យងារដ៍ខ្ពង់ខ្ពស់នេះដូចគ្នា។
ចំពោះលោកព្រាប សុវត្ថិ វិញមិនដែលតតបចំពោះការលើកឡើងរបស់អ្នកគាំទ្រលោកថា លោកប្រាកដជាឡើងឧកញ៉ានៅថ្ងៃខាងមុខនោះទេ ប៉ុន្ដែផ្អែកលើមុខជំនួញ និងទ្រព្យធនរួមទាំងការចូលរួមកម្មវិធីសប្បុរសធ័មជាបន្ដបន្ទាប់នោះគេជឿរថាលោកព្រាប សុវត្ថិ អាចនឹងគេចមិនផុតពីងារមួយនេះឡើយ។
ការសម្អាងបែបនេះដោយសារតែកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតបំផុតរបស់លោកព្រាប សុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតថាអតីតតារាចម្រៀងហង្សមាសរូបនេះសល់ទ្រព្យខ្ទង់ ៣០លានដុល្លារក្រោយចាប់អាជីពចម្រៀងជាង ២០ឆ្នាំមកនេះ។ទ្រព្យសម្បត្តិរបស់លោកព្រាប សុវត្ថិ នេះគឺភាគច្រើននៅលើមុខជំនួញដីធ្លីផ្នែកអចលនទ្រព្យ និងមុខរបររបស់លោកនៅក្រៅសិល្បៈនាពេលបច្ចុប្បន្ន។
សម្រាប់លោកខេមរៈ សិរីមន្ដ វិញថ្មីៗនេះលោកបានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័តមានដែលបានលើកឡើងថា តើលោកចង់ក្លាយជាឧកញ៉ាឬអត់នាពេលេអនាគតនោះត្រូវបានតារាហង្សមាសរូបនេះ ប្រាប់ថានៅលើព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ហើយបើលោកទតឃើញយ៉ាងណានោះលោកនឹងទទួលយកបែបនោះ។
ដោយឡែកអ្នកគាំទ្រលោកខេមរៈ សិរីមន្ដ វិញពួកគេចង់ឃើញលោកឡើងជាឧកញ៉ាឆាប់ៗ ក្រោយពីលោកសិរីមន្ដ បានចូលរួមការងារសង្គមជាបន្ដបន្ទាប់ពិសេសថ្មីៗនេះលោកបានឧបត្ថម្ភនូវទឹកប្រាក់ចំនួនដល់ទៅ ២លានដុល្លារ ក្នុងការធ្វើផ្លូវ២២ គីឡូ ម៉ែត្រ និងប្រព័ន្ធប្រឡាយ១២គីឡូម៉ែត្រនៅខេត្តបន្ទាយមានជ័យ។
ក្រៅពីនោះខេមរៈ សិរីមន្ដ ក៍មានក្រុមហ៊ុនរកស៊ីក្រៅសិល្បៈ ខណៈដែលរយៈពេលចុងក្រោយនេះ លោកបានងាកទៅសម្រុកធ្វើជំនួញផ្នែកអចលនទ្រព្យយ៉ាង សកម្មផងដែរ។តែទាំង សិរីមន្ដ និងមនុស្សជំនិតរបស់លោកមិន ដែលប្រកាសពីប្រាក់សរុបថាមកដល់ពេលនេះតារាចម្រៀង ហង្សមាសរូបនេះ សល់ទ្រព្យសរុបចំនួនប៉ុន្មានឡើយ។
មជ្ឈដ្ឋានមហាជនមើលឃើញថាលោកព្រាប សុវត្តិ តាំងពីឈានជើងចូលGalaxy រយៈពេលជាង ១ឆ្នាំមកនេះអាជីពចម្រៀងរបស់លោកហាក់នៅទ្រឹងបន្ដិច មិនសូវមានសន្ទុះខ្លាំងខ្លាបំផុតដូច លោកច្រៀងនៅហង្សមាសឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់តាមរយៈការសមចម្រៀងតាមឆាកធំៗ
កាលពីពេលថ្មីៗនេះព្រាប សុវត្ថិ នៅតែលើកយកបទល្បីៗរបស់លោកទៅច្រៀងនៅឆាកដូចជាបទ”ខោចែវថ្នេរ៥”ជាដើម។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxyមកតារាជើងចាស់រូបនេះមិនទាន់ធ្លាក់ចុះនោះទេ គឺនៅតែខ្លាំងដដែល។
ចំពោះលោកខេមរៈ សិរីមន្ដ វិញទស្សនិកជនបានមើលឃើញច្បាស់ថា បច្ចុប្បន្នលោកបានក្លាយទៅជាតារា ចម្រៀងប្រុសដែលវ៉ាដាច់មិត្តរួមក្រុមអស់នៅ ហង្សមាស សូម្បីតែម្ចាស់ពានទាំងឡាយនៅរួមទ្រនុំនោះក៍មិន អាចទប់ទល់បានឡើយ។តែComposer ល្បីឈ្មោះម្នាក់នៅហង្សមាសបានឲ្យដឹងថា
សម្រាប់ឆ្នាំ២០២០-២០២១ លោកយល់ថាព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មិនអាចមើលដឹងថាមួយណាខ្លាំងជាងនោះទេ ព្រោះតែកូវីដ ទើបធ្វើឲ្យការប្រជែងទីផ្សារចម្រៀងមិនបានដិតដល់ អីចឹងមានន័យថាមិនទាន់ប្រកួតប្រជែងគ្នាផងម៉េចដឹងថាមួយណាខ្លាំងឬខ្សោយជាង។ចំពោះលោកនូ ស៊ឹប ធ្លាប់លើកឡើងថាខេមរៈ សិរីមន្ដ ល្បីខ្លាំងក្រោយចេញបទ” ពឺតៗ” នោះមកគឺពិតជាឭគេចាក់គ្រប់កន្លែងមែន។
គេកតក់សម្គាល់ថាអំឡុងពេលដែលមហាជនរងចាំមើលថា តើរវាងកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយ ណានឹងឡើងធ្វើជាឧកញ៉ាមុននោះពេលនេះតារាឈានមុខគេទាំង២ដួងមានកូន៣ស្មើគ្នានៅឆ្នាំ២០២១នេះ ខណៈដែលព្រាប សុវត្ថិ គ្មានគម្រោងយកកូនថែមទៀតទេ ប៉ុន្ដែលោកខេមរៈ សិរីមន្ដ នៅក្មេងជាងអាចនឹងតាមយកកូនទី៤ជាមិនខាន៕