ម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម ១០១៩ កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា បានបាត់បង់ឱកាសចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសារ.មិន.អាចឆ្លងផុតដំណាក់.កាលថ្លឹងទ.ម្ងន់។
ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមបានគូសបញ្ជាក់ថា «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ និងជាប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា សូមគោរពជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា
យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស អាស៊ី ២០១៨ និងមេដាយមាស ស៊ីហ្គេម ២០១៩ ដែលមិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់បានឡើយ ដោយសារលើសទ.ម្ងន់កំណត់ ដែលបានចុះឈ្មោះ គឺ៤៨គីឡូក្រាម ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលើសទម្ងន់ លើស ២៤០ ក្រាម។
ដូចនេះ ខាន់ ចេសា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធកីឡាជឺជីតស៊ូ (Juitjutsu) អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook»។
«គណ:កម្មាធិការជាតិអូឡាំពិកម្ពុជា សូមបងប្អូនជនរួមជាតិយោគយល់ និងអធ្យាស្រ័យខ្ពស់ ហើយបន្តជំរុញ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាយើងបន្តទៀត នៅក្នុងការប្រកួតស្វែងរកមេដាយជូនជាតិ ក្នុងស៊ីហ្គេម នៅប្រទេសទេសវៀតណាម នាពេលនេះ»។ ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកមម្មស៊ីហ្គេម បានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយគម្រោងដំបូងមានកីឡាការិនីពីររូបចូលរួមប្រកួត គឺ ខាន់ ចេសា និងម៉ាប់ សុខហួយ៕