នៅក្នុងសប្ដាហ៍ទី៥ឯណេះវិញ អ្នកលក់ ឡានម្នាក់ បានធ្វើឲ្យតារាចម្រៀង សុខ ស៊ីឡាលីន ស្រក់ទឹកភ្នែកពិតៗ ព្រោះតែបេក្ខជន បា,ញ់ចំបេះដូងនាងពេក។
មុននឹងចាប់ផ្ដើមបង្ហាញសមត្ថភាពនោះ បេក្ខជន ណាន វីសារ អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប ប្រកបរបរជាអ្នកលក់ឡាន និងច្រៀងផងនោះ បានរៀបរាប់ពីប្រវត្តិដ៏កម្សត់របស់ខ្លួន។ ពេលនិយាយចប់ បេក្ខជន មានមុខមាត់ស្រដៀង តារាចម្រៀង ហ្សូណូ ម្នាក់នេះ បានលើកយកបទ«តើបងមានថ្ងៃនោះទេ» មកបកស្រាយ ហើយប្រាប់ថា ផ្ញើជូន គណៈកម្មការ សុខ ស៊ីឡាលីន ជាពិសេស។
តាមរយៈបទនេះ បេក្ខជន ណាន វីសារ បានច្រៀងយ៉ាងពីរោះ, មានទំនុកចិត្ត និងទទួលខុសត្រូវ។ ពេលច្រៀងចប់ តារាចម្រៀង សុខ សីឡាលីន រលីងរលោងទឹកភ្នែក រៀបរាប់ថា និយាយត្រង់ ក្នុងជីវិតខ្លួនក្រៅពីប៉ាម្នាក់ មិនដែលមានបុរសណាម្នាក់ផ្ដល់ភាពកក់ក្ដៅ សូម្បីតែបងប្រុស ក៏អត់សូវផ្ដល់ភាពកក់ក្ដៅដែរ ហើយក៏កម្រមានបុរសណានិយាយពាក្យលួងលោមផ្អែមល្ហែម ក្នុងន័យលើកទឹកចិត្ត។
គណៈកម្មការ សុខ ស៊ីឡាលីន និយាយបណ្ដើរ ជួតទឹកភ្នែកបណ្ដើរទៀតថា ខ្លួនរាល់ថ្ងៃ ដូចជាមនុស្សប្រុសផង ស្រីផង ហើយការរំភើបនេះ ដោយសារតែបេក្ខជន បា,ញ់ព្រួញមកចំពេក ចំចំណុច ដែលខ្លួនកំពុងតែខ្វះខាត។
និយាយដល់ចំណុចនេះ សុខ ស៊ីឡាលីន រៀបរាប់ទាំងអួលដើម.កទៀតថា ពេលខ្លះឃើញសេចក្ដីសុខរបស់ បងកញ្ញា ធ្វើឲ្យខ្លួនរំភើបថា ខ្លួនប្រហែលជារឹងមាំពេកមិនដឹង បានជាកម្រជួបបុរសណា ដែលចង់ជួយមើលថែ។ ក្រោយសុខ ស៊ីឡាលីន រៀបរាប់ចប់, គណៈកម្មការម្នាក់ៗ បានលើកសរសើរបេក្ខជនខាងលើ មិនដាច់ពីមាត់ ហើយចុងក្រោយបាន សម្រេចផ្ដល់«យេស»៤ដល់រូបគេ៕